19-Jun-2014, 4:02 PM
ទេសចរណ៍ / ចំនួនទស្សនា: 74
ព្រះសីហនុ ៖ លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៤ខែចាប់ពីខែមករា
រហូតដល់ខែមេសា ឆ្នាំ២០១៤ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តចំនួន៥៦៨១១៤នាក់
កើនឡើងជាងឆ្នាំ២០១៣ចំនួន២៥.៩៧ភាគរយ (៣៤២២០៤) កន្លងទៅ។ ដោយក្នុងនោះភ្ញៀវទេសចរណ៍មកតាមនាវាចំនួន
១៨នាវាស្មើនឹង១០៣៦១នាក់ ភ្ញៀវទេសចរណ៍មកតាមជើងហោះហើរមានចំនួន ១៣១ជើងស្មើនឹង៧៣៥០នាក់
ហើយភ្ញៀវទេសចរណ៍បរទេសដែលចូលមកកម្សាន្តនាំមុខគេគឺភ្ញៀវទេសចរណ៍ ជនជាតិចិន និងវៀតណាម។
បច្ចុប្បន្ននៅលើទឹកដីខេត្តព្រះសីហនុមានសណ្ឋាគារចំនួន ៥៣កន្លែងស្មើនឹង២៦៤៤បន្ទប់ ផ្ទះសំណាក់មានចំនួន
១៨៤កន្លែងស្មើនឹង២៦៧៦បន្ទប់ រួមនិងផ្ទះជួលមួយចំនួនផងដែរ។ ភោជនីយដ្ឋានមានចំនួន ៨៤កន្លែង
កាស៊ីណូមានចំនួន ៨កន្លែង ខារ៉ាអូខេមានចំនួន ៨កន្លែង ឌីស្កូមានចំនួន ៦កន្លែង ម៉ាស្សាមានចំនួន ១៤កន្លែង
និងទីតាំងផ្តល់ព័ត៌មានទេសចរណ៍មានចំនួន ១៥កន្លែង រួមនិងទូកតូចធំសម្រាប់ដឹកភ្ញៀវដើរកម្សាន្តតាមកោះចំនួន
៤៤គ្រឿងផងដែរ។ ដោយឡែកសម្រាប់ឆ្មេរសមុទ្រមានប្រវែងសរុបចំនួន ១៧១.៦២គីឡូម៉ែត្រ ក្នុងនោះមានឆ្នេរអូរឈើទាល
ឆ្នេរសុខា ឆ្នេរលំហែកាយ ឆ្នេរអូរត្រេះ ឆ្នេរឯករាជ ឆ្នេរជ័យជំនះ ឆ្នេររាម ឆ្នេរព្រែកត្រែង ឆ្នេរកោះសំពោច
រួមនិងឆ្នេរជាច្រើនទៀតនៅតាមបណ្តាកោះផងដែរ។
អ្វីដែលមានដូចបានលើកឡើងខាងលើនេះ គឺជាសក្ដានុពលមួយដ៏សំខាន់សំរាប់ខេត្តព្រះសីហនុលើវិស័យទេសចរណ៍
ប៉ុន្តែទាំងនេះគ្រាន់ជាតួលេខតែប៉ុណ្ណោះ រីឯឆ្នេរសមុទ្រដែលអាចផ្តល់ឲ្យភ្ញៀវមកលេងកម្សាន្តជាសាធារណបានមាន
ចំនួនតិចតួចបំផុតមិនគ្រប់តម្រូវការភ្ញៀវទេសចរណ៍នោះទេ ជាពិសេសថ្ងៃឈប់សម្រាក ឬ ថ្ងៃបុណ្យជាតិ
បុណ្យទានប្រពៃណីជាដើមដោយសារតែឆ្នេរមួយចំនួនធំដូចជា (ឆ្នេរប្រាំជាន់ ឆ្នេរអូរត្រេះ ឆ្នេរព្រែកត្រែង
រួមនិងឆ្នេរសំខាន់ៗមួយចំនួនទៀត) ត្រូវបានគ្រប់គ្រងដោយកម្មសិទ្ធិឯកជនធ្វើរបងហ៊ុមព័ទ្ធបិទជុំជិតទុក
ឲ្យនៅទំនេរចោលអស់ទៅហើយមិនអនុញ្ញាតឲ្យមនុស្សចេញចូលទេ។
អ្វីដែលបានលើកឡើងដូចបានរៀបរាប់ខាងលើនេះ គឺជាការរំលឹកទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យបានជ្រាបខ្លះៗនៅ
អ្វីដែលបានកើតឡើង និងកំពុងកើតនៅលើទឹកដីខេត្តព្រះសីហនុនាពេលបច្ចុប្បន្នដើម្បីមាន
វិធានការបន្ទាន់ឡើងវិញនៅភាពអសកម្មនៃតំបន់ឆ្នេរដូចបានរៀបរាប់
ខាងលើក្នុងគោលដៅអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាមួយនឹងសក្តានុពល ឆ្នេរសមុទ្រដែលមានស្រាប់។
គូរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅលើទឹកដីខេត្តព្រះសីហនុបច្ចុប្បន្នចំនួន
៥០ភាគរយគឺសុទ្ធសឹងពឹងផ្អែកទាំងស្រុងរកប្រាក់ចំណូលចិញ្ចឹមជីវភាព
គ្រួសារជាមួយនឹងភ្ញៀវទេសចរណ៍ដែលរាប់បញ្ចូលចាប់ពីអ្នករត់តាក់ស៊ី ម៉ូតូឌុប
អ្នកបំរើការងារតាមភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម៕