១- សេចក្ដីផ្ដើម
ក្រោយពីបានសិក្សាជីធម្មជាតិ EX-M រួចហើយទើបយើងបានយល់ឃើញថាអ្វីៗដែលជារុក្ខជាតិមានពណ៌បៃតងនៅជុំវិញ ខ្លួនយើងសព្វថ្ងៃនេះសុទ្ធតែជាប្រភេទជីដ៏ល្អប្រណិតសូម្បី តែជីគីមីក៏មិនអាចប្រៀបផ្ទឹមបានទាំងផលទាំងគុណភាព ទាំងតំលៃ និងថែមទាំងមានប្រសិទ្ធិភាពខ្ពស់ទៀតផង។
រុក្ខជាតិមានសុខភាពល្អទិន្នផលបានខ្ពស់ ហើយផ្លែមានទំងន់ធ្ងន់ ធន់នឹងភាពស្វិតស្រពោនបាន។
ការប្រើប្រាស់វិញពុំមានផលប៉ះពាល់ដល់ខុសភាពរបស់យើងទេ ។
ការបរិភោគបន្លែផ្លែឈើដែលបានមកពីធម្មជាតិពិតៗធ្វើឲ្យលោកអ្នកមានអាយុ យឺនយូរជៀសផុតពីជំងឺលើសឈាមទឹកនោមផ្អែមឬប្រៃពិសេសគឺជំងឺស្លាប់មួយ ចំហៀងខ្លួន ។
បច្ចុប្បន្ននេះនៅប្រទេសយើងមានក្រុមហ៊ុនតែមួយគត់ដែលមានច្បាប់ អនុញ្ញាតិត្រឹមត្រូវគឺក្រុមហ៊ុន EX -M ដែលមានអ្នកជំនាញទាំងបរទេសនិងក្នុងស្រុក មកបង្ហាត់បង្ហាញពីវិធីចំរាញ់យកជាជីធម្មជាតិពីរុក្ខជាតិទាំងនោះ។ ខាងក្រោមនេះជាការបង្ហាញអំពីការធ្វើជីទឹកចំរាញ់ចេញពីរុក្ខជាតិ បៃតងពិតៗ ដោយក្រុមអ្នកបច្ចេកទេសបរទេសមួយក្រុមមកពីប្រទេសថៃ។
២- សំភារៈត្រៀម
ធុង ឬប៉ោតផ្កាឈូក ដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១ ។
គំរបដបទឹកសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ ។
ម៉ាស៊ីនកាត់ចិញ្ច្រាំ ឬ កាំបិតមុត និងត្បាល់បុក ដើម្បីចិញ្ច្រាំរុក្ខជាតិឲ្យម៉ត់ ។
ធុងធំមានគំរបបិទជិតផ្ទុកបានចំណុះ ៤០ លីត្រ ភ្ជាប់ក្បាលរ៉ូមប៊ីនេសំរាប់បង្ហូរជីផ្អាប់ ។
ស្បៃការ៉ុងសំរាប់ច្រករុក្ខជាតិចិញ្ច្រាំ ។ រាល់សំភារៈធ្វើជីមានលក់នៅក្រុមហ៊ុន ។
៣- តារាងធាតុផ្សំជី
០១ រុក្ខជាតិបៃតងខ្ចីចិញ្ច្រាំម៉ត់
(កាត់ពេលព្រលឹមស្រាងៗ)
១០ គីឡូក្រាម (កាន់តែម៉ត់ កាន់តែល្អ)
០២ ឆ្អឹងឆៅ បំបែកម៉ត់ (បង្កើនប្រព័ន្ធឫស) ០.៣ គីឡូក្រាម
០៣ មេ EX-M (អ៊ី អ៊ិក្ស អិម) ០.៥ លីត្រ ១ ដបទឹកបរិសុទ្ធថ្លាកន្លះលីត្រ
០៤ កាកស្ករ ០.៥ លីត្រ ស្មើនឹង ១ ដបទឹកបរិសុទ្ធថ្លាកន្លះលីត្រ
០៥ ទឹកស្អាត (ទឹកភ្លៀង ត្រពាំង ស្រះ អណ្ដូង) ១០ លីត្រ (ទឹកភ្លៀង ទឹកគ្មានជាតិគីមី មេរោគ)
លក្ខណៈពិសេសនៃធាតុផ្សំ
រុក្ខជាតិបៃតងខ្ចីចិញ្ច្រាំម៉ត់មាន : ស្មៅស្រស់ ស្លឹកកន្ទ្រាំងខែត ស្លឹកកន្ធំថេត ស្លឹករលួស ស្លឹកផ្ទី ត្រកួន ត្រួយអំពិលទឹកខ្ចី ស្លឹកអង្គារដីនិងស្លឹករុក្ខជាតិផ្សេងៗទៀត ពិសេសកំទេចកំទីបន្លែដែលគេបោះបង់ចោល គ្រប់ប្រភេទ (ស្លឹកបន្លែមានប្រសិទ្ធិភាពខ្ពស់ជាងគេ)បើគ្មានច្រើនមុខតែមួយមុខ ក៏បានដែរ ។ រុក្ខជាតិពណ៌បៃតងដែលយកមកធ្វើបេះ ឬកាច់នៅពេលព្រលឹមស្រាងៗមុនពេលថ្ងៃរះព្រោះនោះជាពេលដែល រុក្ខជាតិមិនទាន់ធ្វើរស្មីសំយោគស្លឹកមានគុណភាពខ្ពស់ ។
ពេលយប់ជាពេលដែលរុក្ខជាតិស៊ីអាហារឆ្អែត ហើយពេលថ្ងៃជាពេលចាប់ផ្ដើមរំលាយអាហារ។
ហេតុនេះហើយដើម្បីឲ្យរុក្ខជាតិដែលយើងកាច់មកផលិតជីបានល្អចាំបាច់ត្រូវកាច់ពីពេលព្រឹកព្រលឹមមុនពេលថ្ងៃរះ ព្រោះពេលនេះវាមិនទាន់បំប្លែងជាសារធាតុចិញ្ចឹមផ្សេងៗ ទេ ។
នោះមានន័យថាយើងយករុក្ខជាតិដែលមិនបានការជួយស្រូបប្រមូលសារជាតិបំរុងឬបំប៉នសំរាប់ផ្ដល់ឲ្យរុក្ខជាតិរស់យើងតែចំពោះរុក្ខជាតិប្រភេទសំបូរជ័រមិនសូវមានប្រសិទ្ធិភាពទេគួរតែកុំ យកមកប្រើ ។
បើប្រើទៅលើដើមរុក្ខជាតិអ្វីគួរតែមានស្លឹករុក្ខជាតិនោះចូលរួម ក្នុងជីនេះដែរ ។
ស្លឹករុក្ខជាតិទាំងឡាយណាដែលមានពណ៌ខៀវក្រម៉ៅក្រាស់វាត្រូវការជាតិ អាសូតច្រើន និងសំបូរ
ជាតិអាសូតណាស់ (ផ្ទីថ្ម ស្មៅដែលមានស្លឹកក្រាស់) ។
មានស្លឹករុក្ខជាតិមានក្លិនឈួល ហិរ ក្រពុល
ដូចជាផ្លែម្ទេស ខ្ញី ម្ដេង ម្រះព្រៅ គ្រាប់ស្លែង ស្លឹកថ្នាំជក់ ឬថ្នាំខ្លាំង វល្លិ៍ក្បៀសដើមសណ្ដែកខ្មោច ។
បើយើងយកមកប្រើប្រាស់ មានគុណសម្បត្តិ និងគុណវិបត្តិខ្លះៗតែប៉ុណ្ណោះ ។
៣ - មេ EX-M
(អតិសុខុមប្រាណ ៥ ប្រភេទត្រូវការខ្យល់ និង ១ ប្រភេទទៀតមិនត្រូវការខ្យល់ (អុកស៊ីសែន)
ជាប្រភេទបាក់តេរីដែលមានអាយុកាល ៤ ពាន់លានឆ្នាំ មុនកំនកំនើតជីវិត) ។
កាកស្ករ (ស្កររងូ) ឬទឹកអំពៅ ឬទឹកដូង យើងអាចយកទឹកត្នោតធម្មជាតិជំនួសបាន ។
៤- វិធីធ្វើ
ចែកចេញជា ៣ វគ្គ :
- វគ្គទី ១ : ចិញ្ច្រាំរុក្ខជាតិម៉ត់ (ក)
យើងត្រូវយករុក្ខជាតិដែលកាច់បានទៅ ចិញ្ច្រាំនិងបុកឲ្យម៉ត់ ឬដាក់ចូលក្នុងម៉ាស៊ីនចិញ្ច្រាំ (មានលក់នៅក្រុមហ៊ុន EX-M ) តែ ២០ នាទីប៉ុណ្ណោះនឹងរួចជាស្រេច ។
យើងច្របល់រុក្ខជាតិទាំងនោះជាល្បាយតែមួយ ហើយច្រកចូលក្នុងស្បៃការ៉ុង ឬបាវបន្ទាប់មកចងមាត់វាឲ្យជិតនិងយកវាទៅដាក់ចូលក្នុងធុងធំ ចំណុះ ៤០ លីត្រ (ធុងសំរាប់ផ្អាប់ជី) ។
- វគ្គទី ២ : ល្បាយទឹកជីបំប៉ន (ខ)
យើងវាល់ទឹកស្អាតចំណុះ ១០ លីត្រ ចាក់ចូលក្នុងប៉ោតផ្កាឈូក និងចាក់កាកស្ករ ០.៥ លីត្រ យើងកូរល្បាយទឹកឲ្យសព្វទើបយើងចាក់ មេ EX-M មានចំណុះ ០.៥ លីត្រដែរ ។ នោះបានជាល្បាយមួយដែលគេហៅថា ល្បាយទឹកជីបំប៉ន (ខ) ។
វគ្គទី ៣ : ការលាយផ្សំល្បាយ (គ)
បន្ទាប់មកយើងចាក់ល្បាយ (ខ) ចូលក្នុងធុងធំដែលមានចំណុះ ៤០ លីត្រ ។
បើសិនជាបរិមាណទឹកល្បាយដែលចាក់ចូលវាមិនអាចពន្លិចរុក្ខជាតិ ចិញ្ច្រាំ (ក) ទេ
យើងត្រូវលាយល្បាយទឹកថែមតែ ១-២ លីត្រ ដើម្បីចាក់បន្ថែមល្បាយទឹកឲ្យលិច (ក) ។
បើសិនជាល្បាយទឹកជីបំប៉ន (ខ) នៅតែមិនអាចពន្លិចរុក្ខជាតិចិញ្ច្រាំ (ក) យើងត្រូវតែយករុក្ខជាតិនោះ (ក) មកចិញ្ច្រាំម្ដងទៀត ដើម្បីឲ្យបរិមាណរុក្ខជាតិ (ក) កាន់តែរួមតូច ទើបយើងច្រកចូលក្នុងស្បៃសាជាថ្មី និងដាក់ធុងផ្អាប់ជីវិញ ។
យើងត្រូវយកដុំថ្ម ឬដុំឥដ្ឋសង្កត់ពីលើស្បៃការ៉ុងរុក្ខជាតិចិញ្ច្រាំ
(ក) ដែលបានដាក់ក្នុងផ្អាប់ ហើយមូលគំរបបិទធុងផ្អាប់នោះឲ្យជិត
រហូតទាល់តែខ្យល់ចូលលែងបាន ។
ការផ្អាប់ទុករយៈពេលពី ៧ ទៅ ១៥ ថ្ងៃ នោះ វាក្លាយទៅជាជីទឹកបំប៉ន ឬជីទឹកពង្រីកដើមរុក្ខជាតិ
(ជីប៉ូវ) ។
សំគាល់ :
បើយើងបង្ហូរទឹកនេះតាមក្បាលរ៉ូម ប៊ីនេ មានក្លិនជូរអែមក្រពុលឆួល មិនមានក្លិនស្អុយ នោះមានន័យថាការធ្វើរបស់យើងបានត្រឹមត្រូវហើយ ។ (ហាមផឹក ឬ លិត តែហិតក្លិនបាន) ។
ចំពោះក្លិននៃល្បាយ (ក) មានរសជាតិ ជូ អែមដូចក្លិនជ្រក់មមាញដែលយើងធ្លាប់ហូប ។
ចំពោះកាកសំនល់នេះយើងយកវាទៅកប់ ជុំវិញសំយាបមែករបស់រុក្ខជាតិ ឬទ្រាប់បាតរណ្ដៅត្រៀមដាំដំណាំហូបផ្លែឬយកស្លឹកជាការល្អប្រសើរ បំផុត ។
ជីបំប៉នដែលធ្វើបានល្អមានកំរិត pH = 4.6 តែបើមានការប្រែប្រួលបន្តិចបន្តួចក៏ពុំមានបញ្ហាអ្វីដែរ។
៥- វិធីប្រើ
ក- ប្រើប្រាស់ទូទៅ
យើងយកជីទឹកបំប៉នដើមរុក្ខជាតិនេះ ស្មើនឹង ១ លីត្រ លាយទឹក ១០០០ លីត្រ បាញ់ រឺ ស្រោចលើដំណាំជារៀងរាល់ថ្ងៃ ។
បើសិនជាទឹក ២០ លីត្រលាយជីបំប៉ន ៤០ សេសេ តែបើទឹក ១ លីត្រ វិញ លាយជីបំប៉ន ២ សេសេ ។
ខ- ចំពោះដើមឈើធំមានផ្លែហើយ ដូចជា ល្មុត ខ្នុរ ស្វាយ
ក្រោយពីប្រមូលផលហើយដាក់ជីតុបតែង មែក ដោយយកជីបំប៉ន ១ លីត្រ លាយទឹក ៥០០ លីត្រ បាញ់ឲ្យត្រូវស្លឹកផ្នែកបាត និងខ្នងជោគជាំតែម្ដង ក្នុងរៀងរាល់ ១ ខែ បាញ់ ២ ដង ។
បើសិនជាទឹក ២០ លីត្រ លាយជីបំប៉ន ២០ សេសេ តែបើទឹក ១ លីត្រ វិញ លាយជីបំប៉ន ១ សេសេ ។
គ- ចំពោះដើមតូចទើបតែដាំ
យកជីបំប៉ន ១ លីត្រ លាយទឹក ៨០០ លីត្រ បាញ់ ឬស្រោចឲ្យជោគលើកូនដំណាំនោះ ។
ក្នុង ១ សប្ដាហ៍ ២ ដង បើសិនជាគ្មានពេលទេសូមមេត្តា ១ សប្ដាហ៍ ១ ដងយ៉ាងតិច (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១ សេសេ) ។
ឃ- ចំពោះដំណាំវល្លិ៍
យកជីបំប៉ន ១ លីត្រ លាយទឹក ៨០០ លីត្រ បាញ់ផ្នែកខ្នងនៃស្លឹករុក្ខជាតិឲ្យជោគជាំ ។
ក្នុង ១ សប្ដាហ៍ ៣ ដង ។
ស្លឹករុក្ខជាតិធំៗ មានមាត់តិចតែស្លឹកតូចៗ វិញមានមាត់ច្រើន ត្រូវការស៊ីជីច្រើន។
នោះជាលក្ខណៈអាថ៌កំបាំងរបស់រុក្ខជាតិសូមអ្នកដាំមេត្តាសង្កេតមើល (ទឹកស្អាត១លីត្រលាយជីបំប៉ន ១ សេសេ) ។
ង- ចំពោះដំណាំយកស្លឹក (ស្ពៃ សាឡាត់ ខាត់ណា)
យកជីបំប៉ន ១ លីត្រ លាយទឹក ៨០០ លីត្រ ស្រោចលើដំណាំនោះរៀងរាល់ថ្ងៃ ពីព្រោះដំណាំប្រភេទនេះត្រូវការស៊ីជីច្រើនណាស់ ។
សារជាតិដែលបានផ្ទុកមាននៅលើដើម ធាង និងស្លឹក (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១ សេសេ) ។
៦- ផលប្រយោជន៍
ជីនេះជួយបង្ខំឲ្យរុក្ខជាតិមាន ផ្លែ និងស្លឹករីកធំធាត់ល្អ មានស្លឹកពណ៌ខៀវខ្ចីល្អ ធន់នឹងកំដៅបរិយាកាស (រុក្ខជាតិមិនងាយងាប់) ។
ចំពោះរុក្ខជាតិផ្ដល់ផលជាផ្លែ វាមានទំងន់ធ្ងន់មិនងាយជាំ និងមិនរហ័សអន់ពណ៌ ។ ចំពោះបន្លែស្លឹកពណ៌បៃតងក្រាស់ៗ ខ្ចីស្រួយមិនងាយស្រពោនទេ ។
ផល្លានុផលដែលប្រើដោយជីនេះមិនងាយរលួយ អាចរក្សាទុកបានយូរ និងធន់នឹងការដឹកជញ្ជូនផ្លូវឆ្ងាយ ។
មានរសជាតិឆ្ងាយ់ខុសពីរុក្ខជាតិដែលបានផលតាមរយៈជីគីមី ឬជីគីមីពុល ។
ជួយបណ្ដេញសត្វល្អិតចង្រៃគ្រប់ប្រភេទបានមួយផ្នែកធំ ។
៧- ការរក្សាទុក
ក្រោយពេលធ្វើរួចហើយ យើងអាចរក្សាទុករយៈពេលបានចាប់ពី ៣ ទៅ ៦ ខែ ។
នៅកន្លែងណាដែលមានម្លប់ងងឹតនិងមានសីតុណ្ហភាពធម្មតាជៀសវាងជីនេះធ្វើរស្មីសំយោគបណ្ដាលឲ្យអន់ ។
ពេលយើងធ្វើបានគួរតែច្រកជីនេះទុកក្នុងដបតូចៗដែលមានចំណុះកន្លះ ឬ ១ លីត្រ ដើម្បីងាយស្រួលយកមកប្រើប្រាស់ និងជៀសផុតពីកំហូចជីទាំងស្រុងពេលយើងមិនបានប្រើហើយទុកយូរ ។
ចំពោះកំហូចគុណភាពជីយើងពិនិត្យលើ ពណ៌ និង ក្លិន បើសិនជាវានៅរក្សាដដែលមិនប្រែប្រួល គឺយើងយកមកប្រើធម្មតា ។
ប្រសិទ្ធិភាពជីនេះខ្ពស់បំផុត ១ ខែ ចាប់ពីពេលដែលបានធ្វើហើយ ។
៨- ការចំណាយ
បើយើងមិនគិតពីសំភារៈធ្វើទេ បរិមាណជីទឹក ៤០ លីត្រនេះ ការចំណាយលើការធ្វើ អស់យ៉ាងច្រើនបំផុតត្រឹមតែ ៣ ទៅ ៤ ម៉ឺនរៀលប៉ុណ្ណោះ ។
តំលៃលក់នៅក្រុមហ៊ុន ១ លីត្រ ៥០០០ រៀល ។
ចំណាំ :
ចំពោះរុក្ខជាតិដែលយើងយកមកធ្វើជី បំប៉នខាងលើយើងក៏អាចជ្រើសរើសយករុក្ខជាតិណាដែលមានក្លិនឆួល ក្រពុល ហិរ ដូចជាម្ទេស ម្រះព្រៅ ម្ដេង ថ្នាំជក់ ស្លឹកស្ដៅ ស្លឹកប្រេងខ្យល់លាយចូលគ្នា ផ្អាប់ដូចខាងលើ ។
យើងធ្វើបែបនេះមានគុណសម្បត្តិ និងគុណវិបត្តិដូចខាងក្រោម :
ក . គុណសម្បត្តិ
វាដើរតួនាទីជាអាវុធមុខបី គឺ បំប៉នផង ការពារ និងបណ្តេញផង ។
ចំពោះរុក្ខជាតិដាំយកផ្លែគួរតែអនុវត្តវិធីនេះ ជាការប្រសើរបំផុត ។
របៀបធ្វើជីបែបនេះ សំរាប់ប្រើតាមប្រព័ន្ធបច្ចេកទេស អ៊ី អ៊ិក្ស អិម ពុំមានសត្វល្អិតចង្រៃ ។
យើងធ្វើបែបនេះជាការការពារទុកជាមុន ។
ខ . គុណវិបត្តិ
កាលណាយើងប្រើប្រាស់យូរទៅនៅពេលណាមួយមានសត្វល្អិតមកយាយីដាំដំណាំយើងការប្រើថ្នាំបណ្ដេញ សត្វទៅលើវាសត្វល្អិតបានផ្ស៊ាំទៅនឹងក្លិនរុក្ខជាតិទាំងនេះហើយ នោះជាហេតុបង្កការលំបាកដល់ការស្វែងរករុក្ខជាតិថ្មីសំរាប់ចំរាស់ ថែមទៀត ។
ចំពោះរុក្ខជាតិយកស្លឹកដូចជាបន្លែ ជាដើម មិនគួរយកស្លឹករុក្ខជាតិមានក្លិនឆួល ក្រពុល ហិរ ល្វីងមកផ្សំធ្វើជីនេះទេ ពីព្រោះយើងធ្វើពិសោធន៍សំគាល់ឃើញថា ស្លឹកប្រើដោយ រុក្ខជាតិមិនមានក្លិនឆួល ក្រាស់ ខៀវ ស្រួយជាងរុក្ខជាតិមានក្លិនឆួល ។
តែបើប្រើលើដំណាំហូបផ្លែវិញ ដូចជាស្វាយ ល្មុត ធូនេ ការលាយជាមួយជាតិហិរ ឆួល ល្អប្រសើរជាង ។
ដូចនេះ ចំពោះរុក្ខជាតិយកផ្លែត្រូវតែដាក់ ឯរុក្ខជាតិយកស្លឹកមិនចាំបាច់ដាក់ក៏បានដែរ ។
ពេលផ្សំគួរតែប្រើទឹកដោះគោឆៅ ឬពងមាន់ ២-៣ ជំនួយបន្ថែមដើម្បីបង្កើនគុណភាពជី ។
សំគាល់ :
ដើម្បីបង្កើនគុណភាពជី ឲ្យបានធ្វេដង យើងគួរតែប្រើសារធាតុដែលមានកំរិតប្រូតេអ៊ីនខ្ពស់ដូចជា : ស៊ុត (មាន់, ទា) ពិសេសគឺពងមាន់ស្រែនិងទឹកដោះគោឆៅមួយកំប៉ុង សំរាប់រុក្ខជាតិ ១០ គីឡូក្រាម៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)