Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Thursday, July 27, 2017

Unknown

ស្ថាបនិក​កម្មវិធី​ហ្គេម​ខ្មែរ​លើ​ឆាក​អន្តរជាតិ

ស្ថាបនិក​កម្មវិធី​ហ្គេម​ខ្មែរ​លើ​ឆាក​អន្តរជាតិ

130912_21a

លោក អៀ អ៊ុយ ហៅ ល្វីស ជាអ្នកបង្កើតកម្មវិធីហ្គេម និងសហស្ថាបនិក នាយកផ្នែកសិល្បៈ ជីវ៉ាល់រី យុគ Scott Howes
ភ្នំពេញ : និយាយ​សម្ដី​ទន់ភ្លន់​មួយ​ៗ​លោក អៀ អ៊ុយ ហៅ​ល្វីស គឺជា​បុរស​ដែល​ទីផ្សារ​បច្ចេកវិទ្យា​ត្រូវ​ការ​បំផុត។

ជាមួយ​នឹង​ការ​អញ្ជើញ​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​បច្ចេកវិទ្យា និង​ពិព័រណ៍​នៅ​ទីក្រុង​តូក្យូ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា និង​ទីស្នាក់ការ​នៃ​បណ្ដុំ​បច្ចេកវិទ្យា​នៅ​តំបន់​ស៊ីលីកូន វ៉ាលី សហរដ្ឋអាមេរិក​នោះ​ស្ថាបនិក​ស្ទូឌីយោ​បង្កើត​កម្មវិធី​ហ្គេម​ដំបូង​បង្អស់​នៅ​កម្ពុជា​រូប​នេះ​ពិតជា​មមាញឹក​ណាស់។

កាល​ពី​២​សប្ដាហ៍​មុន លោក ល្វីស ដែល​មាន​វ័យ​៣០​ឆ្នាំ បាន​ទៅ​អាមេរិក​បន្ទាប់ពី​លោក​បាន​ជាប់​ជ័យលាភី​ក្នុង​ចំណោម​អ្នក​ឈ្នះ​៥​នាក់​នៃ​ការ​ប្រកួត DEMO អាស៊ាន​ឆ្នាំ​២០១៣។

ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​ហូជីមិញ ប្រទស​វៀតណាម បាន​ប្រមូលផ្ដុំ​នូវ​អ្នក​ពូកែ​បច្ចេកវិទ្យា​កុំព្យូទ័រ អ្នក​វិនិយោគ និង​សហគ្រិន​ដែល​ធ្វើ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា។

ក្រៅពី​មាន​ការ​តាំង​បង្ហាញ​នូវ​ផលិតផល​បច្ចេកវិទ្យា​ថ្មី​ៗ កម្មវិធី​ក៏​មាន​សិក្ខាសាលា​ដែល​ថ្លែង​ដោយ​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​កុំព្យូទ័រ​ធំ​ៗ​ផង​ដែរ។

ទោះ​ជា​កម្មវិធី​ប្រជុំ​អ្នក​បច្ចេកវិទ្យា DEMO បាន​ប្រារព្ធ​នៅ​សហរដ្ឋអាមេរិក​អស់​២២​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​នេះ​គឺជា​លើក​ទី​មួយ​ដែល​DEMO បាន​រៀបចំ​នៅ​ប្រទេស​តំបន់​អាស៊ាន ដោយ​មាន​អ្នកចូលរួម​១០​ម៉ឺន​នាក់​ឯណោះ។

លោក ល្វីស សហស្ថាបនិក​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ហ្គេម​នៅ​កម្ពុជា​ឈ្មោះ​ថា Osja Studios បាន​ប្រើ​រយៈពេល​៦​នាទី​ដើម្បី​បង្ហាញ​ពី​កម្មវិធី​ហ្គេម​របស់​ខ្លួន​ឲ្យ​ទស្សនិកជន​ចំនួន​៦០០​នាក់​វាយ​តម្លៃ។

 ក្នុង​ចំណោម​អ្នក​ចូលរួម​បង្ហាញ​ទាំង​៣៧​នាក់ មាន​តែ​រូប​លោក​ទេ​ដែល​ជា​បេក្ខជន​មកពី​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែង​របៀប​ដាក់​ខ្លួន​ថា ការ​បង្កើត​កម្មវិធី​ហ្គេម​នៅ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​សកម្មភាព​ផុសផុល នៅ​ទីផ្សារ​បច្ចេកវិទ្យា​នៅ​ឡើយ​ទេ។

លោក​ល្វីស​បាន​និយាយ​ថា​៖ «​នៅ​កម្ពុជា ការ​បង្កើត​កម្មវិធី​ហ្គេម​គឺជា​រឿង​មួយ​ថ្មី ខណៈ​ដែល​នៅ​បណ្ដា​ប្រទេស​ផ្សេង​គេ​មាន​យូរ​ហើយ។ កម្មវិធី​នេះ​គឺ​ផ្ដោត​ទៅលើ​ផលិតផល​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​»។

ស្ថាបនិក​កម្មវិធី​ហ្គេម​រូប​នេះ​ក៏​បាន​បង្ហាញ​នូវ​អាវយឺត​ពណ៌​ខៀវ​ដែល​មាន​សរសេរ​អក្សរ និង​និមិត្តសញ្ញា​ថា Osja Studio ជាមួយ​នឹង​ឈ្មោះ​ហ្គេម អាស្វា (Asva The Monkey) ដែល​បាន​ទាក់ទាញ​មនុស្ស​ឲ្យ​លេង​វា​ជាង​១៣​ម៉ឺន​នាក់​ទូទាំង​ពិភពលោក។

នៅ​ពេល​ដែល​សួរ​ថា តើ​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រជុំ​អ្នក​បច្ចេកវិទ្យា DEMO បែប​នេះ លោក​មាន​អារម្មណ៍​ដូចម្ដេច​ដែរ​? តើ​លោក​មាន​អារម្មណ៍​ដូចជា​អ្នកតំណាង​វិស័យ​បង្កើត​កម្មវិធី​ហ្គេម​ម្នាក់​របស់​ប្រទេស​ជាតិ​ខ្លួន​ទេ​?
លោក​បាន​រៀបរាប់​ថា​៖ «​ពេល​ខ្លះ ខ្ញុំ​គិត​ថា យើង​ជា​ខ្មែរ​តែ​ម្នាក់​ឯង​នៅ​កម្មវិធី​នោះ​អ៊ីចឹង ខ្ញុំ​ព្យាយាម​ណែនាំ​ប្រទេស​របស់​ខ្លួន​ឲ្យ​គេ​បាន​ស្គាល់​នៅ​លើ​ឆាក។ ខ្ញុំ​ក៏​ព្យាយាម​និយាយ​ភាសា​ខ្មែរ​ខ្លះ​ដែរ ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​ពី​យើង​»។

ជាមួយ​នឹង​អ្នក​ឈ្នះ​៤​រូប​ទៀត លោក​ល្វីស នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​តុលា​ដើម្បី​ចូលរួម​កម្មវិធីនា​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៣។

លោក​បាន​និយាយ​ថា​៖ «​នៅ​អាមេរិក មាន​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ច្រើន​ណាស់ ខ្ញុំ​មិន​ចង់​ប្រកួតប្រជែង​ជាមួយ​អ្នកណា​ទេ។ ខ្ញុំ​គ្រាន់តែ​ព្យាយាម​បង្ហាញ​គេ​នូវ​អ្វី​ដែល​យើង​មាន អ្វី​ដែល​យើង​ធ្វើ និង​អ្វី​ដែល​យើង​ចង់​ធ្វើ​ប៉ុណ្ណោះ ព្រោះ​នៅ​អាមេរិក​គេ​មាន​អ្វី​ៗ​គ្រប់​យ៉ាង​អស់​ហើយ បើ​និយាយ​ពី​បច្ចេកវិទ្យា​នោះ​»។

ក្រៅពី​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​ខ្នាត​អន្តរជាតិ​នេះ លោក ល្វីស ក៏​មាន​គម្រោង​រឹត​តែ​គួរ​ឲ្យ​រំភើប​មួយ​ទៀត នោះ​គឺ​ការ​បោះទុន​ក្នុង​វិស័យ​កម្មវិធី​ហ្គេម​ក្នុង​វេបសាយ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា​ហ្គេម Candy Crush ជាដើម ហើយ​លោក​ក៏​នឹង​បង្កើត​កម្មវិធី​ហ្គេម​ថ្មី​មួយ​ទៀត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

សម្រាប់​បច្ចុប្បន្ន លោក ល្វីស បាន​បញ្ជាក់​ថា កម្មវិធី​ហ្គេម​របស់​លោក​នឹង​ផ្សារភ្ជាប់​ទៅ​នឹង​បរិបទ​ខ្មែរ។

អ្នក​បង្កើត​កម្មវិធី​ហ្គេម​រូប​នេះ​បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​អាច​បង្ហាញ​ស្នាដៃ​ហ្គេម​ដែល​ខ្ញុំ​បង្កើត​ឲ្យ​ពិភពលោក​បាន​ឃើញ ហើយ​ខ្ញុំ​ក៏​អាច​ស្គាល់​អ្នក​ល្បី​ៗ​ខាង​ផ្នែក​បច្ចេកវិទ្យា​នេះ​ជុំវិញ​ពិភពលោក​ដែរ​»៕

Subscribe to this Blog via Email :
Previous
Next Post »